Borei Keila is Reaction with Delaying Interrogating at Phnom Penh Court

 

To Read news in Khmer Language from Radio Free Asia
 issuing Cambodia Land Dispute, Please click Read more below!
  
អ្នក​បុរី​កីឡា​ប្រតិកម្ម​នឹង​ការ​លើក​ពេល​សាកសួរ​របស់​សាលាដំបូង
2012-08-09
ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា បាន​ប្រតិកម្ម​ចំពោះ​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​លើក​ពេល​សាកសួរ​ពួកគាត់​ដែល​ជា​ដើម​បណ្ដឹង​ប្ដឹង​អ្នកស្រី ស៊ុយ សុផាន ប្រធាន​ក្រុមហ៊ុន​ផានអ៊ីម៉ិច ក្នុង​ពេល​ឈូស​កម្ទេច​ផ្ទះ​ពួកគេ​កាល​ពី​ដើម​ឆ្នាំ​២០១២។

អ្នក​បុរី​កីឡា​តវ៉ា​នៅ​មុខ​សាលាដំបូង​ រាជធានី​ភ្នំពេញ បន្ទាប់​ពី​តុលាការ​ប្រកាស​លើក​ពេល​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២។

ពលរដ្ឋ​មក​ពី​សហគមន៍​បុរី​កីឡា លោកស្រី ជុំ ង៉ាន់ ថ្លែង​នៅ​ថ្ងៃ​ទី​៩ សីហា នៅ​ខាង​មុខ​តុលាការ​ថា ដើម​បណ្ដឹង​ពលរដ្ឋ​ចំនួន ៣​នាក់ គឺ​មាន​លោកស្រី ស៊ូ អ៊ីម លោកស្រី ប្រាក់ សុខា និង​លោកស្រី​ខ្លួន​ឯង​ផង បាន​នាំគ្នា​មក​តុលាការ​តាម​ដីកា​កោះ​ហៅ​សាកសួរ ពី​ករណី​ពលរដ្ឋ ១១៧​គ្រួសារ ប្ដឹង​អ្នកស្រី ស៊ុយ សុផាន តាំង​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ផ្ទះសម្បែង និង​បង្ក​របួស​ស្នាម​លើ​ពលរដ្ឋ​ក្នុង​សហគមន៍​បុរី​កីឡា ប៉ុន្តែ​តុលាការ​បែរ​ជា​លើក​ពេល​សាកសួរ​ទៅ​វិញ។
លោកស្រី ជុំ ង៉ាន់៖ «ពួក​ខ្ញុំ​បី​នាក់​នេះ​ឡើង​ទៅ​បំភ្លឺ ប៉ុន្តែ​មិន​ទាន់​បាន​បំភ្លឺ​ផង​ចូល​ទៅ​ជួប ហើយ​ចេញ​មក​វិញ​គាត់​ថា តុលាការ​ពន្យារ​ពេល​ទៀត​ហើយ។ ពួក​ខ្ញុំ​សង្ឃឹម​ថា ថ្ងៃ​ក្រោយ​តុលាការ​ហ្នឹង​មាន​ភាព​យុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ​អ្នក​ ក្រីក្រ​បុរី​កីឡា​ហ្នឹង។ ក្រុមហ៊ុន​ផានអ៊ីម៉ិច​ឈូស​ឆាយ​កម្ទេច​ចោល​ហើយ​ថែម​ទាំង​ពន្យារ​ពេល​ថ្ងៃ​ នេះៗ។ ខ្ញុំ​ថា​តុលាការ​យក​លេស​មិន​រក​យុត្តិធម៌​ឲ្យ​អ្នក​ក្រ​តែម្ដង»
កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ អ្នក​បុរី​កីឡា បាន​នាំ​គ្នា​ទៅ​តុលាការ​រាជធានី​ភ្នំពេញ ឲ្យ​សើរើ​បណ្ដឹង​នេះ​ម្ដង​រួច​មក​ហើយ។

បណ្ដឹង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ និង​សន្តិសុខ​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​ក្នុង​សហគមន៍​បុរី​កីឡា ហើយ​ដឹក​ពួកគាត់​ទៅ​ទី​តាំង​ថ្មី​នៅ​តំបន់​ទួល​សម្បូរ ក្នុង​ខណ្ឌ​ដង្កោ និង​មួយ​ចំនួន​ទៀត​ទៅ​ក្បែរ​ជើង​ភ្នំ​ឧត្ដុង្គ គឺ​ស្ថិត​នៅ​ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​៣ មករា ឆ្នាំ​២០១២ កន្លង​ទៅ ហើយ​ពួកគាត់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ សង​ជំងឺ​ចិត្ត​ក្នុង​មួយ​គ្រួសារ ១២​លាន​រៀល ការ​ខូចខាត​ទ្រព្យ​សម្បត្តិ ៥​លាន​រៀល និង​សំណង​ផ្ទះ​សម្បែង ២០​លាន​រៀល៕