To read news in Khmer Language from Radio Free Asia issuing Cambodia Land Dispute, please click Read more below!
ពលរដ្ឋមានជម្លោះដីនៅខេត្តព្រះសីហនុបដិសេធដំណោះស្រាយរបស់អាជ្ញាធរ
ដោយ ម៉ម មុនីរតន៍
2012-08-05
ការព្យាយាមដោះស្រាយទំនាស់នៅថ្ងៃទី៤ ខែសីហា របស់មន្ត្រីអាជ្ញាធរខេត្តព្រះសីហនុ នៅលើដីជាង ៥ហិកតារក្នុងភូមិ៣ សង្កាត់១ របស់ខេត្តមួយនេះ ត្រូវបរាជ័យ ដោយក្រុមពលរដ្ឋចាត់ទុកថា ដំណោះស្រាយនោះមានភាពអយុត្តិធម៌។តំណាងពលរដ្ឋដែលមានជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុ អះអាងថា ពួកគាត់មិនទទួលយកដំណោះស្រាយរបស់អាជ្ញាធរថ្នាក់ខេត្តជាថ្នូរដែល តម្រូវឲ្យពួកគាត់មួយចំនួនចាកចេញពីភូមិដែលធ្លាប់រស់នៅនោះទេ។
វិវាទដីធ្លីនេះបានអូសបន្លាយជាង ៧ឆ្នាំកន្លងទៅហើយលើដីជាង ៥ហិកតាររវាងពលរដ្ឋ ១៥០គ្រួសារជាមួយនឹងលោក ចាន់ កាំង មន្ត្រីបម្រើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។
តំណាងពលរដ្ឋនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងនៅថ្ងៃទី៤ ខែសីហា ថា ប្រជាពលរដ្ឋបានច្រានចោលការព្យាយាមស្វែងរកដំណោះស្រាយដែលធ្វើឡើង ដោយអាជ្ញាធរថ្នាក់ខេត្តនេះ។ ពលរដ្ឋបន្តថា ការដោះស្រាយនេះមិនចំទៅនឹងអ្វីដែលពលរដ្ឋទាមទារ ព្រោះបង្ខំឲ្យអ្នកភូមិទទួលយកដី ១ហិកតារ ហើយមិនទទួលខុសត្រូវលើការរុះរើ និងពុំមានសំណងជាដើម។
ពលរដ្ឋបន្តថា៖ «ការចរចាហ្នឹងវាបរាជ័យហើយ ដោយសារអត់មានគោលការណ៍ច្បាស់លាស់ទី១។ ទី២ ឲ្យប្រជាជនរុះរើផ្ទះដោយខ្លួន គឺអត់មានសំណង។ ប្រជាជនមិនផ្ទះតូចៗទេបង ផ្ទះគឺធ្វើបេតុងអ៊ីចឹង ហើយផ្ទះខ្លះធ្វើវិឡាកាត់អីអ៊ីចឹងទៅ វាមិនអាចទៅវ៉ៃផ្ទះខ្លួនឯងទេ។ អ៊ីចឹងគោលការណ៍ដោះពីអាជ្ញាធរខេត្តគឺបរាជ័យហើយបង»។
វិទ្យុអាស៊ីសេរីពុំអាចស្នើសុំការបំភ្លឺបានទេចំពោះការចោទ ប្រកាន់ថា រំលោភយកដីពលរដ្ឋពីលោក ចាន់ កាំង ជាមន្ត្រីបម្រើការនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយទូរស័ព្ទពុំអាចទាក់ទងបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១២។ ក៏ប៉ុន្តែអភិបាលខេត្តព្រះសីហនុ លោក ស្បោង សារ៉ាត អះអាងថា អ្នកដែលមានកំហុស គឺពលរដ្ឋដែលមកតាំងទីលំនៅលើដីមានប្លង់កម្មសិទ្ធិត្រឹមត្រូវ របស់លោក ចាន់ កាំង។
លោកព្រមានថា បើពលរដ្ឋនៅតែមិនចាកចេញលើដីដែលមានទំនាស់នោះទេ នឹងចាត់វិធានការតាមផ្លូវច្បាប់នៅគ្រាសាលក្រមស្ថាពររបស់តុលាការ ចាប់ផ្ដើមអនុវត្តប្រហែលមួយសប្ដាហ៍ខាងមុខទៀតនេះ។
លោក ស្បោង សារ៉ាត បន្តថា៖ «ហើយកុំយកលេសថា គាត់នៅយូរគាត់នៅអី បើយើងដឹងថា ដីនេះជាដីរបស់គេដែរ។ គេប្រាប់ថា ដីរបស់គេហើយ គេមិនធ្វើយើងនៅតែធ្វើ ឥឡូវនេះបងប្អូនមួយចំនួនគេសុខចិត្តទទួលយកដីហើយតើ! តាមខ្ញុំមកហ្នឹងប្រហែលជាឡើង ៧១គ្រួសារហ្នឹង ប្រហែលជា ៨០ភាគរយ គេទទួលយកដីដែលគេធ្វើការបែងចែកឲ្យហើយ ប៉ុន្តែវានៅតែក្បាលរឹងមួយចំនួនទេ នៅតែ ២នាក់ប៉ុណ្ណឹងទេ»។
ទាក់ទិនបញ្ហានេះអតីតមេធាវីការពារក្ដីឲ្យពលរដ្ឋ គឺលោក គា អៀវ។ លោកចាត់ទុកថា ការអនុវត្តសាលក្រមនេះនឹងមិនយុត្តិធម៌ទេ ព្រោះអង្គហេតុនៃសំណុំរឿងនេះកើតឡើងដោយការប្រឌិតដើម្បីដាក់ បន្ទុកប៉ុណ្ណោះ។
លោក គា អៀវ៖ «យើងពិចារណាបញ្ហាកិរិយានៃការកាន់កាប់។ យើងគិតថា បើសិនក្រៅពីគេលក់ចេញដែលជាម្ចាស់ដើមដែលអះអាងថា មានប័ណ្ណសំគាល់កម្មសិទ្ធិអីហ្នឹងណាស់ គាត់មិនមកទាមទារក្នុងរឿងហ្នឹងទេ ហាក់បីដូចថា ហាក់គ្មានអ្នកណាផ្សេងមានសិទ្ធិមកទាមទារប្រជាពលរដ្ឋក្រៅពីនោះ ផ្សេងទេ ហើយយើងពិចារណាមកលើកិរិយាកាន់កាប់ឃើញថា មានតែប្រជាពលរដ្ឋទេគាត់នៅលើដីហ្នឹងយូរហើយ អ៊ីចឹងគាត់អាចមានសិទ្ធិជាងគេ»។
ចំណែកមន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ គឺលោក ច័ន្ទ ចំរើន ហាក់មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយជុំវិញវិវាទនេះ។
យ៉ាងណាក៏ដោយប្រជាពលរដ្ឋដែលមានវិវាទដីធ្លីចាប់តាំងពីឆ្នាំ ២០០៥ មកនេះ ឲ្យដឹងថា សាលក្រមដែលចេញដោយសាលាដំបូងខេត្តព្រះសីហនុ ក្នុងឆ្នាំ២០១១ ដែលបានសម្រេចឲ្យពលរដ្ឋចាញ់ក្ដីលោក ចាន់ កាំង នោះ អ្នកភូមិចាត់ទុកថា ជាសាលក្រមដែលបំពាន និងមានភាពលំអៀង។ ពលរដ្ឋបន្តថា ព្រោះបណ្ដឹងដែលប្ដឹងអ្នកភូមិពីបទចូលកាន់កាបលើអចលនវត្ថុដោយខុស ច្បាប់វាផ្ទុយពីអ្វីដែលពលរដ្ឋមានប័ណ្ណកម្មសិទ្ធិដែលទទួលស្គាល់ ដោយអាជ្ញាធរមូលដ្ឋានចាប់តាំងពីឆ្នាំ១៩៩៣។
នៅក្នុងជម្លោះដីធ្លីនេះយ៉ាងហោចណាស់មានអតីតតំណាងពលរដ្ឋ ម្នាក់គឺអ្នកស្រី គង់ គឹមយ៉ាន ត្រូវជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ កាលពីឆ្នាំ២០០៨ ហើយចុងឆ្នាំ២០១១ ពលរដ្ឋសម្រេចបិទផ្លូវជាតិលេខ៤ រយៈពេល ៤ម៉ោងដើម្បីជំរុញឲ្យមានដំណោះស្រាយ៕